Health Services

 
សេវកម្មសង្គ្រោះបឋម

   សុខភាពនិង សុវត្ថិភាពចំពោះនិស្សិតទាំងអស់ គឺជាបេសកកម្ម យុទ្ធសាស្ដ្ររបស់ការិយាល័យសេវាសុខភាព នៃ សាកលវិទ្យាល័យ- បៀលប្រាយ។ និស្សិតនឹងមិនអាចសម្រេចគោលដៅនៃការសិក្សាស្រាវជ្រាវឡើយ ប្រសិនបើពួកគេត្រូវ ប្រឈមនឹងបរិស្ថានមួយ នៅក្នុងសាកលវិទ្យាល័យ ដែលមិនមានវិបុលភាព សុខភាព និង សុវត្ថិភាព។ ឆ្លើយតបទៅនឹង ទស្សនវិស័យនេះ សាកលវិទ្យាល័យ- បៀលប្រាយ ដែលមានការិយាល័យសេវាសុខភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានថ្មីៗជាប្រចាំ ទាក់ទងនឹង បញ្ហាសុខភាពផ្ទាល់ខ្លួន ផ្ដល់ការសង្គ្រោះបឋម និងការពិគ្រោះយោបល់ទៅលើ បញ្ហាសុខភាពទូទៅ សម្រាប់និស្សិត សាស្ដ្រាចារ្យ បុគ្គលិក និងសមាជិកទាំងអស់នៃសាកលវិទ្យាល័យបៀលប្រាយ។ សេវកម្មដែលផ្ដល់ដោយការិយាល័យ សេវាសុខភាព គឺក្នុង គោលបំណងធ្វើយ៉ាងណា ដើម្បីឱ្យនិស្សិត និងសមាជិកទាំងអស់ នៃសាកលវិទ្យាល័យ ធ្វើការរៀបចំ និងជ្រើសរើសនូវរបៀបរស់ នៅមួយនៅពេលអនាគតដែលប្រកបដោយសុខភាព និង សុវត្ថិភាព។ ការិយាល័យសេវាសុខភាព ផ្ដល់សេវកម្មដល់និស្សិត បុគ្គលិក សាស្ដ្រាចារ្យ និងសមាជិកសាកលវិទ្យាល័យ ទាំងអស់រួមមាន ៖ សេវាផ្សព្វផ្សាយព័ត៌មានអំពីសុខភាព ការពិនិត្យនិងសង្គ្រោះបឋម និង ការប្រឹក្សាផ្ដល់យោបល់ អំពីសុខ ភាពទូទៅ។ និស្សិតក៏ដូចជាបុគ្គលិក សាកលវិទ្យាល័យ ទាំងអស់អាចស្វែងរកជំនួយ ផ្នែកសុខភាពពីបុគ្គលិកការិយាល័យ សេវាសុខភាព ដែលមានវេជ្ជបណ្ឌិត ជំនាញទូទៅនិង ជំនួយការផ្នែកសុខភាពបម្រើការជាប្រចាំ នៅទីនោះ និងរង់ចាំស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅ និងយកចិត្ដទុកដាក់ខ្ពស់។ សេវាសង្គ្រោះបឋម ដែលផ្ដល់ជូននិស្សិត សាស្ដ្រាចារ្យ និងបុគ្គលិក ទាំងអស់ រួមមានការសង្គ្រោះគ្រោះថ្នាក់កម្រិតស្រាល ការថែទាំផ្នែកជំងឺផ្លូវចិត្ដ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ។ ចំពោះជំងឺ ឬ គ្រោះថ្នាក់កម្រិតស្រាល ការិយាល័យសុខភាព នឹង ផ្ដល់ការសង្គ្រោះបឋមភ្លាមៗ មានដូចជា គ្រោះថ្នាក់តិចតួចរបួស ស្នាមឬជំងឺស្រាលៗ ដែលកើតឡើងក្នុងអំឡុងពេលបំពេញការងារ ឬ សិក្សាស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ ឬ ប៉េសកកម្មនៅ ក្រៅសាកលវិទ្យាល័យ ឧទាហរណ៍ដូចជា ៖ ឈឺក្បាលវិលមុខ ខ្យល់គរ ឈឺពោះ ក្អួតចង្អោរ ធ្លាក់ ដួល គ្រេច ថ្លោះ របួស ស្នាមតិចតួច ការពិនិត្យសម្ពាធឈាម សីតុណ្ហភាពនៃកម្ដៅខ្លួន និង គ្រោះថ្នាក់ចៃដន្យផ្សេងៗ ទៀតព្រមទាំង ធ្វើតេសជាតិស្ករជាប្រចាំ សម្រាប់អ្នក ធាត់លើសទម្ងន់ សេវកម្មទាំងនេះផ្ដល់ដល់និស្សិត សាស្ដ្រាចារ្យ និង បុគ្គលិក សាកលវិទ្យាល័យបៀលប្រាយទាំងអស់ដោយ ឥតគិតថ្លៃ។ ចំពោះជំងឺ ឬ គ្រោះថ្នាក់កម្រិតធ្ងន់ដែលនឹងនាំឱ្យប៉ះពាល់ដល់ បរិស្ថានសុខភាព នៅក្នុងសាកលវិទ្យាល័យ ការិយាល័យ សេវាសុខភាពនឹងសម្របសម្រួលបញ្ជូនទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ ឬ សេវាព្យាបាលសាធារណៈ ដើម្បីធ្វើការសង្គ្រោះ  និងព្យាបាល ទៅតាមស្ថានភាពជាក់ស្ដែង។ដោយឡែកការិយាល័យសេវាសុខភាព បានធ្វើសហប្រតិបត្ដិការជាមួយអង្គការ ឬ ស្ថាប័នអាជីព ផ្នែកសុខភាព ជាច្រើនមាន ដូចជា អង្គការ សេវាសង្គម សុខភាពបុរស (PHD) អង្គការសុខភាពគ្រួសារអន្ដរជាតិ (FHI) អង្គការឃែរ (CARE) ក្រោមការជួយឧបត្ថម្ភ (USAID) AUSAID UN Trast fund  និងពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងការផ្ដល់សេវាពិនិត្យ និង ព្យាបាលនិស្សិត សាស្ដ្រាចារ្យ និងបុគ្គលិកទាំងអស់ ដោយឥតគិតថ្លៃទៅលើជំងឺទូទៅនិងផ្ដល់ដំបូន្មានវេជ្ជសាស្ដ្រ វិទ្យាសាស្ដ្រសុខភាព ទូទៅ ។ល។

សេវកម្មផ្សព្វផ្សាយ
   ដើម្បីសម្រេចបានគោលដៅរួម ការិយាល័យសេវាសុខភាព បានពង្រីក សកម្មភាពផ្នែកសេវាសុខភាពឱ្យកាន់តែទូលំទូលាយ ថែមទៀតដោយផ្ដោតការយកចិត្ដទុកដាក់ទៅលើ ការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលអំពីសេវកម្មសុខភាព ដើម្បី ការយល់ដឹងក្នុង ចំណោមសមាជិកទាំងអស់ អំពីការលើកកម្ពស់បរិស្ថាន សុខភាពនៅក្នុងសហគមន៍ សាកលវិទ្យាល័យទាំងមូល។ បច្ចុប្បន្នសកម្មភាព ធំៗពីរ ត្រូវបានលើកកម្ពស់ដោយការិយាល័យសុខភាព ក្នុងការជំរុញសកម្មភាពបណ្ដុះបណ្ដាល និង ផ្សព្វផ្សាយពីបញ្ហាសុខភាព។ ទីមួយ គឺកម្មវិធីការពារនិង ថែទាំសុខភាព ដែលបានផ្សព្វផ្សាយទៅកាន់និស្សិត និង សមាជិកទាំងអស់តាមរយៈកម្មវិធីជំនួប ជាមួយនិស្សិត និងសិក្ខាសាលាផ្សព្វផ្សាយ ដែលរៀបចំឡើងរួមគ្នាដោយការិយាល័យសេវានិស្សិត ការិយាល័យសេវាសុខភាព និង វាគ្មិនជំនាញខាងផ្នែកសុខភាពមកពីស្ថាប័នខាងក្រៅ។ អ្នកដែលចូលរួម កម្មវិធីនេះ នឹងត្រូវបានបង្រៀនពីបច្ចេកទេស នៃការវាយតម្លៃ និងការពារសុខភាពផ្ទាល់ខ្លួន ទប់ទល់នឹង ជំងឺកម្រិតស្រាលៗ ដែលឆ្លើយតបនឹងបទដ្ឋានការពារ និងថែទាំសុខភាពរបស់ក្រសួង សុខាភិបាល។ ទីពីរ គឺកម្មវិធីផ្សព្វផ្សាយដែលរៀបចំឡើង ដោយការិយាល័យសេវាសុខភាពដើម្បីផ្ដល់ចំណេះដឹង និងព័ត៌មានអំពី សុខភាព និងបរិស្ថាន ដែលប្រកបដោយសុខភាពទៅដល់និស្សិត និងសមាជិកទាំងអស់នៃសាកលវិទ្យាល័យ។ ការិយាល័យ បានប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយជាច្រើនមាន ដូចជា ទស្សនាវដ្ដីសុខភាព ព្រឹត្ដិបត្រផ្សព្វផ្សាយ សៀវភៅ ខិត្ដប័ណ្ណ ឯកសារ និង រូបភាពផ្សព្វផ្សាយជាច្រើនទៀត ដែលមានតម្កល់នៅការិយាល័យសេវាសុខភាព សម្រាប់ចែកជូនសមាជិកទាំងអស់ដើម្បីអាន និងធ្វើការសិក្សាឈ្វេងយល់។ ជាងនេះទៅទៀត ការិយាល័យសេវាសុខភាព បានធ្វើកិច្ចសហប្រតិបត្ដិការជាមួយ អង្គការ និងស្ថាប័ន មួយចំនួនដូចជា អង្គការសេវាសង្គមសុខភាពបុរស និង អង្គការសុខភាពគ្រួសារអន្ដរជាតិ FHI អង្គការម៉ារីស្ដុបអន្ដរជាតិកម្ពុជា អង្គការ PHD អង្គការ CARE ក្រោមជំនួយឧបត្ថម្ភ USAID UASAID និង UN Trast fund ស្ដីអំពីសុខភាពផ្លូវភេទ សុខភាពបន្ដពូជ អំពើហឺង្សា ផ្លូវភេទយ៉ែនឌ័រ កាមរោគអេដស៏ លើកកម្ពស់សិទ្ធិស្ដ្រី ផ្សព្វផ្សាយស្រាបៀរ និងសិទ្ធិសង្គម គ្រួសារនៅចំពោះមុខច្បាប់។ ដើម្បីធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹងទៅនិស្សិត និងសមាជិកទាំងអស់ពីវិធីការពារនិង ទប់ស្កាត់ជំងឺអេដស៍ ជំងឺកាមរោគ និង ការញៀនថ្នាំ។ អង្គការទាំងនេះ បានផ្ដល់ជំនួយឧបត្ថម្ភជាលក្ខណៈសិក្ខាសាលា បណ្ដុះបណ្ដាល សិក្ខាសាលាផ្សព្វផ្សាយ ការសម្ដែង សិល្បៈ ល្ខោន ការចែកខិត្ដប័ណ្ណរូបភាពទៅនិស្សិត និងការបង្កើតជាក្រុមពិភាក្សាអំពីយ៉ែនឌ័រ។ ហើយបន្ថែមពីលើនេះ អង្គការក៏បាន អញ្ជើញនិស្សិតឱ្យចូលរួមកម្មវិធីផ្សព្វផ្សាយរបស់ពួកគេនៅតាមទីកន្លែងផ្សេងៗ ដែលស្ថិតនៅក្រៅសាកលវិទ្យាល័យ ដើម្បីបង្កើន ការយល់ដឹងឱ្យកាន់តែប្រសើរឡើង នៅក្នុងសង្គមគ្រួសារដែលស្ថិតនៅជិតសហគម របស់ពួកគាត់។      
ផ្នែកសេវកម្មពិគ្រោះយោបល់ផ្ដល់ការប្រឹក្សា
   ផ្ដល់ដំបូលន្មានវេជ្ជសាស្ដ្រ វិទ្យាសាស្ដ្រសុខភាពក្រៅពីបញ្ហាថែទាំ និងព្យាបាលសុខភាពការិយាល័យសេវាសុខភាព មានផ្ដល់ នូវសេវាពិគ្រោះយោបល់ចំពោះនិស្សិត សាស្ដ្រាចារ្យ និងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យអំពីបញ្ហាគ្រប់ប្រភេទ ដែលទាក់ទង នឹងសុខភាពដោយមិនគិតកម្រៃ។ ការពិគ្រោះយោបល់និងប្រឹក្សាពីបញ្ហាសុខភាពនេះ គឺផ្ដល់ជូន ទៅតាមការស្នើសុំរបស់សាមីខ្លួន ដែលមានបញ្ហា ជាពិសេសពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែលកើតឡើងនៅកន្លែងធ្វើការ ឬ កន្លែង សិក្សាស្រាវជ្រាវ។ បច្ចុប្បន្ននិស្សិត សាស្ដ្រាចារ្យ និងបុគ្គលិកសាកលវិទ្យាល័យទាំងអស់មានការយល់ដឹងយ៉ាងទូលំទូលាយ អំពីសេវកម្មសុខភាពរបស់សាកលវិទ្យាល័យ និងសារៈសំខាន់របស់វា ក្នុងការលើកស្ទ្ទួយនូវបរិយាកាសសុខភាពល្អនៅក្នុង សហគមន៍សាកលវិទ្យាល័យទាំងមូល ហើយបន្ថែម ពីលើនេះ ពួកគេបានប្រើប្រាស់ការិយាល័យសេវាសុខភាពជាចំណុច ចាប់ផ្ដើមដំបូងនៃការប្រឹក្សាអំពីការថែទាំ និង ព្យាបាល សុខភាព។ ការពិគ្រោះ ឬ ប្រឹក្សាយោបល់ពីសុខភាព អាចធ្វើឡើងជាមួយលោកវេជ្ជបណ្ឌិត ដោយផ្ទាល់នៅគ្រប់ម៉ោងធ្វើការ ហើយ ចំពោះព័ត៌មាន ទាំងឡាយទាក់ទងនឹង លទ្ធផលនៃការពិគ្រោះនេះ នឹងរក្សាទុកជាការសម្ងាត់ លោកវេជ្ជបណ្ឌិត នឹងមិនធ្វើ ការផ្សព្វផ្សាយ ទៅភាគីទីបីណាមួយក្រៅសាមីខ្លួន ឬ ក្រុមគ្រួសារ ដែលទទួលការព្រមព្រៀងពីសាមីខ្លួនឡើយ។ ដើម្បីណាត់ជួបពិគ្រោះ យោបល់និស្សិត ឬ បុគ្គលិកសាកលវិទ្យាល័យ ត្រូវជួបលោកវេជ្ជបណ្ឌិត ឬ បុគ្គលិកបម្រើសេវាសុខភាពដោយផ្ទាល់នៅការិយាល័យ សេវាសុខភាព។ ជាទូទៅការណាត់ ជួបលោកវេជ្ជបណ្ឌិត ដើម្បីពិគ្រោះយោបល់មាន រយៈពេលជាមធ្យមគឺ១០នាទី និងអាចពន្យារ បានទៅតាមស្ថានភាព និង​ចំនួននៃអ្នកណាត់ជួប និងករណីរពិគ្រោះនីមួយៗ ហើយសំខាន់ជាងនេះទៀត សាមីខ្លួន ដែលធ្វើការណាត់ ជួបនេះគួរតែ ផ្ដល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ដល់បុគ្គលិកទទួលចុះកំណត់ហេតុពិគ្រោះយោបល់ដើម្បីងាយ ស្រួលក្នុងការកំណត់ រយៈពេល នៃការពិគ្រោះទៅលើបញ្ហានីមួយៗ។

 

 

 

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP