Career and Community Services

 
សេវកម្មការងារ

   សាកលវិទ្យាល័យ ផ្ដល់អាទិភាពដល់និស្សិតបៀលប្រាយទាំងអស់ក្នុង ការទទួលឱកាសការងារនៅក្នុងសាកលវិទ្យាល័យ ជាពិសេសចំពោះនិស្សិតឆ្នើម ដែលនឹងទទួលឱកាសផ្ដល់ការងារមុនគេ ទាំងនៅក្នុងសាកលវិទ្យាល័យ ក៏ដូចជា នៅតាមសហគ្រាស អាជីវកម្ម និងស្ថាប័នផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ។ ជាទូទៅការិយាល័យ សេវានិស្សិត ធ្វើទំនាក់ទំនង ជាមួយនិស្សិតដោយផ្ទាល់ តាមទូរស័ព្ទ ឬ តាមអ៊ីមែល ដើម្បីមកធ្វើការសម្ភាស និងចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗ នៅតាម ក្រុមហ៊ុន និងស្ថាប័នខាងក្រៅ។ ក្រៅពីនេះនិស្សិត នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងការសម្រួលដល់ការរៀបចំបែបបទ និងឯកសារយោងផ្សេងៗទៀត និងបញ្ជូនបែបបទទាំងនេះទៅក្រុមហ៊ុនតាមរយៈ ការិយាល័យសេវានិស្សិត ជាពិសេស ចំពោះក្រុមហ៊ុន ដែលមិនមាន កម្មវិធីជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅ សាកលវិទ្យាល័យ។

សេវកម្មពិគ្រោះយោបល់លើការងារ
   បច្ចុប្បន្ននិស្សិតដែលសិក្សានៅ សាកលវិទ្យាល័យបៀលប្រាយ គឺ មានប្រវត្ដិការងារនិងការរស់នៅមកពីកន្លែង ផ្សេងៗគ្នាក្នុង ព្រះរាជាណាចក្រកម្ពុជា។ ចំពោះនិស្សិតដែលសិក្សានៅពេលយប់ និងពេលចុងសបា្ដហ៍ គឺភាគច្រើនជានិស្សិត ដែលកំពុងមាន ការងារធ្វើ ឬ ដំណើរការអាជីវកម្មដោយខ្លួនឯង រីឯនិស្សិត ដែលសិក្សានៅពេលថ្ងៃវិញ គឺភាគច្រើនមិនមានបទពិសោធការងារ ឬ មាន តិចតួច។ ដើម្បីជួយដល់និស្សិតក្នុងការបង្កើនសមត្ថភាពស្វែងរក និង ការសម្រេចចិត្ដឱ្យបានល្អអំពីការងារ និង ការយល់ដឹងពីទំនាក់- ទំនងរវាងការសិក្សាស្រាវជ្រាវ និង ការងារជាក់ស្ដែងនោះ សាកលវិទ្យាល័យ បានបង្កើតនូវកម្មវិធីសំខាន់ៗជាច្រើន ដែលផ្ដល់ដល់ និស្សិតនូវវិធីសាស្ដ្រវាយតម្លៃពីអំពីលទ្ធភាព និង ឱកាសការងារ ដែលជាផ្នែកមួយនៃដំណើរការពិគ្រោះយោបល់ លើការងារ ហើយនិស្សិតនឹង មានលទ្ធភាពវាយតម្លៃលើអត្ថប្រយោជន៍ ការងារចំណាប់អារម្មណ៍ និង បទពិសោធការងារដែលពួកគេមាន។ វិធីសាស្ដ្រវាយតម្លៃ លទ្ធភាពការងារដែលត្រូវបាន អនុវត្ដជាទូទៅនៅក្នុង ការិយាល័យសេវានិស្សិតរួមមាន ការធ្វើតេស្ដ សរសេរលើ ប្រធានបទដែលពាក់ព័ន្ធនឹងជំនាញការងារ ការធ្វើតេស្ដតាមរយៈកម្មវិធីកុំព្យូទ័រ និងការសម្ភាសសាកល្បង។ល។ ដែលជួយនិស្សិត ឱ្យបង្កើនការយល់ដឹង និង សមត្ថភាពផ្ទាល់ខ្លួន។ ចំពោះនិស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការសាកល្បង និង វាយតម្លៃលទ្ធភាព រកការងារចាំបាច់ត្រូវធ្វើការណាត់ជួបជាមួយ បុគ្គលិកបម្រើការនៅការិយាល័យសេវានិស្សិតជាមុនសិន ដើម្បីផ្ដល់ព័ត៌មានឱ្យបាន ច្បាស់លាស់ពីតម្រូវការ និង ចំណាប់អារម្មណ៍របស់ពួកគេក្នុងការធ្វើការសាកល្បងនេះ។ បុគ្គលិកផ្នែកការងារនៅការិយាល័យ សេវានិស្សិតនឹងផ្ដល់ព័ត៌មាន និង ធ្វើការបញ្ជាក់ច្បាស់លាស់ទៅនិស្សិតពីភាពចាំបាច់ និងប្រភេទនៃការធ្វើតេស្ដសាកល្បង ដែល ឆ្លើយតបនឹងលក្ខណសម្បត្ដិការងារជាក់ស្ដែង និង តម្រូវការរបស់ពួកគេ។ បច្ចុប្បន្នយើង មិនទាន់មាន មជ្ឈមណ្ឌល ផ្ដល់សេវាធ្វើតេស្ដ ដើម្បីវាស់វែង និង វាយតម្លៃពីលទ្ធភាពការងារដាច់ដោយឡែកទេ ប៉ុន្ដែការធ្វើតេស្ដទាំងអស់នេះ ត្រូវបានអនុវត្ដដោយបុគ្គលិក ទទួលខុសត្រូវផ្នែកការងារ នៅក្នុងការិយាល័យសេវានិស្សិត។ បុគ្គលិកផ្នែកការងារ និងធ្វើការសម្របសម្រួលឆ្លើយសំណួរពិភាក្សា និងផ្ដល់យោបល់ លើបញ្ហាទាំងអស់នេះទៅកាន់និស្សិត តាមតម្រូវការរបស់ពួកគេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គណៈគ្រប់គ្រង សាកលវិទ្យាល័យ បៀលប្រាយ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងដំណាក់កាលនីមួយៗ នៃដំណើរការ ពិគ្រោះយោបល់ ធ្វើតេស្ដនិង វាយតម្លៃលទ្ធភាពសាកល្បងការងារនេះ។     
សេវកម្មអាហារដ្ឋាន
   សេវកម្មអាហារដ្ឋាន គឺជាសេវកម្មមួយទៀត ដែលផ្ដល់ដោយ សាកលវិទ្យាល័យ នៅគ្រប់សាខា រាជធានី-ខេត្ដទាំងអស់ ដើម្បីបម្រើ សេចក្ដីត្រូវការរបស់និស្សិត សាស្ដ្រាចារ្យ និង បុគ្គលិក។ អាហារដ្ឋានទាំងនេះ ផ្ដល់សេវកម្មប្រកបដោយភាព រួសរាយរាក់ទាក់ នឹងមុខម្ហូបច្រើនប្រភេទ ដែលមានរសជាតិឆ្ងាញ់ ទៅតាមចំណង់ចំណូលចិត្ដរបស់ភ្ញៀវម្នាក់ៗ។ ចំពោះអាហារដ្ឋានដែល បានគ្រប់គ្រង ដោយសាកលវិទ្យាល័យ តែងតែផ្ដល់នូវការបម្រើសម្រាប់ ទទួលកម្មវិធីជាច្រើនដែលប្រព្រឹត្ដនៅក្នុង បរិវេណសាកលវិទ្យាល័យ មានដូចជា ពិធីជប់លៀងប្រគល់សញ្ញាបត្រ ពិធីផ្ដល់រង្វាន់និងកម្មវិធីជាច្រើនទៀត ទៅតាមសេចក្ដីត្រូវការ។ ដូច្នេះសូមទាក់ទងជាមួយ ការិយាល័យសេវានិស្សិត ដើម្បីឈ្វេងយល់ពីព័ត៌មានលម្អិតបន្ថែមទៀត។
សេវកម្មអតីតនិស្សិត

   ការិយាល័យសេវានិស្សិត បានរក្សាទិន្នន័យនិស្សិតទាំងអស់ និងជាពិសេសទិន្នន័យអតីតនិស្សិត ដែលបានប្រឡងចេញពី សាកលវិទ្យាល័យ។ ការរក្សាទុកទិន្នន័យអតីតនិស្សិតគឺ មានសារសំខាន់ណាស់ និងផ្ដល់ប្រយោជន៍ដល់ និស្សិត ដែលកំពុងតែសិក្សា នៅសាកលវិទ្យាល័យតាមរយៈ ការផ្ដល់ការណែនាំនិង ប្រឹក្សាពីការងារ ផ្ដល់ព័ត៌មានអំពីការងារ ពីបទពិសោធន៍ការងារ ការចុះ ទស្សនកិច្ចសិក្សា កម្មសិក្សា អាហារូបករណ៍ ការបណ្ដុះបណ្ដាល ទាក់ទងនឹងការងារ និង សិក្ខាសាលា ផ្សេងៗទៀត។ ចំនួនអតីត និស្សិតនឹងកើនឡើងពី ពីរទៅបីដង នៅឆ្នាំក្រោយ ហើយ៨០% នៃចំនួននេះ គឺ មានការងារធ្វើនិង ខ្លះទៀត មានអាជីវកម្មផ្ទាល់ខ្លួន។ ទិន្នន័យអតីតនិស្សិតសំខាន់ណាស់សម្រាប់និស្សិត ដែលកំពុងសិក្សាទាំងអស់ ក្នុងការទាក់ទងស្វែងរកការងារ និងចុះធ្វើកម្មសិក្សា ស្រាវជ្រាវជាក់ស្ដែង នៅតាមអង្គភាពអាជីវកម្ម ឬ ស្ថាប័នការងារដែលពួកគេស្ថិតនៅ។ នៅការិយាល័យសេវានិស្សិត បុគ្គលិក យើង មានតួនាទី ស្វាគមន៍និងជួយជ្រោមជ្រែងនិស្សិតទាំងអស់ ដែលមានតម្រូវការចង់ស្វែងរកអត្ថប្រយោជន៍ទាំងអស់នេះ។ អតីតនិស្សិត ជួយដល់ការិយាល័យយើងច្រើនណាស់ ក្នុងការបញ្ជូន និស្សិត ចុះទៅសិក្សាស្រាវជ្រាវ ធ្វើកម្មសិក្សា និង ដាក់ពាក្យសុំបំពេញការងារ។ ចំពោះព័ត៌មានលម្អិត សូមនិស្សិតទាំងអស់ទាក់ទងមកបុគ្គលិកយើង ដែលបម្រើការ នៅការិយាល័យសេវានិស្សិត នៅគ្រប់សាខា រាជធានី-ខេត្ដទាំងអស់។

សេវកម្មស្ម័គ្រចិត្តសម្រាប់និស្សិត
   ការិយាល័យសេវានិស្សិត បានចងក្រងនិង រៀបចំបង្កើតនូវក្រុមនិស្សិតស្ម័គ្រចិត្ដតាំងពីឆ្នាំ ២០០៧ មកម្ល៉េះក្នុងគោលបំណង ផ្ដល់ បទពិសោធ ចំណេះដឹងដល់និស្សិត ហើយការងាររបស់និស្សិតពាក់ព័ន្ធនឹងកិច្ចការសង្គមទាំងខាងក្នុង និងខាងក្រៅ សាកលវិទ្យាល័យ ដើម្បីរួមចំណែកកាត់បន្ថយបញ្ហាសង្គមជាពិសេសបញ្ហាជំងឺអេដស៍ បញ្ហាគ្រឿងញៀន បញ្ហាហិង្សា បញ្ហាអសីលធម៌ផ្សេងៗ ជាដើម។ រហូតមកដល់ឆ្នាំ ២០០៩ ដោយមានការស្នើសុំពីកាកបាទក្រហមកម្ពុជា សាកលវិទ្យាល័យ បៀលប្រាយបានសម្រេច បង្កើតក្លឹបយុវជន កាកបាទក្រហមកម្ពុជា ដោយមាននិស្សិតស្ម័ក្រចិត្ដក្នុងការចូលបម្រើការងារ ចំនួន ១០០នាក់ ក្រោមការគ្រប់គ្រង របស់ទីប្រឹក្សា យុវជនចំនួន ០២រូប។ ក្លឹបយុវជននេះ បានអនុវត្ដការងារជាច្រើនដោយឈរ លើគោលការណ៍គ្រឹះទាំង ០៧ប្រការ និងផ្ដោតសំខាន់ ទៅលើសេវាមនុស្សធម៌ ហើយក្លឹបបានរួមចំណែកកសាងស្នាដៃជា ច្រើន ជូនសាកលវិទ្យាល័យព្រមទាំង កាកបាទក្រហមកម្ពុជា និង ប្រទេសជាតិទៀតផង។ ឆ្លងកាត់តាមការបង្កើតក្លឹបនេះមកយើងឃើញថា និស្សិតចេះជួយគ្នាក្នុងគ្រាមានអាសន្ន មានភាពក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ មិនតែប៉ុណ្ណោះនិស្សិតបានចេះពីវិធីសាស្ដ្រក្នុង ការស្វែង រកមូលនិធិគាំទ្រពីមជ្ឈដ្ឋានជុំវិញ ដើម្បីធ្វើសកម្មភាពនានា ដែលពួកគេចង់ធ្វើដោយស្របតាមគោលការណ៍មនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា។ រាល់ព័ត៌មានទាក់ទងនិងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ឬមានបំណងចង់ផ្ដល់ជំនួយ ឧបត្ថម្ភសូមធ្វើការ ទំនាក់ទំនងជាមួយការិយាល័យសេវានិស្សិតរៀងរាល់ម៉ោងធ្វើការ ។

 

 

 

 

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP