Faculty of Tourism and Hospitality

FACULTY OF TOURISM AND HOSPITALITY

 
Message from Dean

 
សារលិខិតព្រឹទ្ធបុរស

សួស្តីប្អូនៗសិស្សានុសិស្សនិស្សិតនិងប្រិយមិត្តទាំងឡាយជាទីរាប់អាន។ មហាវិទ្យាល័យទេសចរណ៍ និង បដិ- សណ្ឋារកិច្ច បាននឹងកំពុងបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ ទៅលើមុខជំនាញជាច្រើន ដូចជា៖ ការគ្រប់គ្រងទេសចរណ៍ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និងការគ្រប់គ្រងម្ហូបអាហារ ។ មាននិស្សិត១០ជំនាន់ រួចមកហើយដែលបានបញ្ចប់ការសិក្សានៅក្នុងមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យ បៀលប្រាយ។

ដើម្បីធានាឲ្យបាននូវការបណ្តុះបណ្តាលធនធានមនុស្សទៅលើវិស័យទេសចរណ៍ ប្រកបដោយមនៈសិការទទួល ខុសត្រូវខ្ពស់ក្នុងអាជីពវិជ្ជាជីវៈ មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច បានបំពាក់នូវសម្ភារៈឧបទេស នានាបម្រើ ឲ្យការសិក្សានិងស្រាវជ្រាវ ហើយមហាវិទ្យាល័យមាននូវធនធានសាស្រ្តាចារ្យ ប្រកបដោយគុណវុឌ្ឍិ និង បទពិសោធន៍ ជាក់ស្តែងជាច្រើនឆ្នាំដែលជាចលករជម្រុញឲ្យការបណ្តុះបណ្តាលនិស្សិតពោពេញទៅដោយគុណភាព ប្រសិទ្ធភាព និង មាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងក្របខណ្ឌតំបន់ និងនៅក្នុងឆាកអន្តរជាតិ ។

និស្សិតអាចទទួលបាននូវឱកាសការងារជាច្រើនទាំងនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា ដូចជាក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត-រាជធានី អាជ្ញាធរអប្សរា សណ្ឋាគារ ភោជ្ជនីយដ្ឋាន កាស៊ីណូ ក្រុមហ៊ុន- អាកាសចរណ៍ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ និងគណៈកម្មាធិការទន្លេមេគង្គ ។ល។ យោងតាមស្ថិតិលើការសិក្សាទៅ លើអតិតនិស្សិតបានបង្ហាញថាៈ និស្សិតជាង៩០%ទទួលបានឱកាសការងារដ៏ល្អ ក្នុងនោះនិស្សិត ចំនួន៥០%បំរើការនៅ ក្នុងផ្នែកឯកជន២១% បំរើការងារនៅក្នុងស្ថាប័នរដ្ឋ១៩% បំរើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាល និង ១០%ប្រកប អាជីវកម្មផ្ទាល់ខ្លួន ។ ក្នុងចំណោមនោះ និស្សិត១២%មានតួនាទីជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ ដូចជា៖ អ្នកចាត់ការ ទូទៅនៅក្នុងសណ្ឋាគារ ភោជ្ជនីយដ្ឋាន ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ។ និស្សិត ៤១% មានតួនាទីជាអ្នកគ្រប់គ្រង ថ្នាក់កណ្តាល និងនិស្សិត៤៥%ទៀតជាអ្នកគ្រប់គ្រងការិយាល័យជួរមុខ ។

ការសិក្សានៅក្នុងមហាវិទ្យាល័យទេសចរណ៍ ប្អូនៗអាចទទួលបាននូវឱកាសការងារខ្ពស់ ទាំងពេលកំពុងសិក្សា និងក្រោយពីបញ្ចប់ការសិក្សា ដោយវិស័យទេសចរណ៍កាន់តែមានការរីកចម្រើនជាខ្លាំងពីមួយថ្ងៃៗ ដែលតាមការព្យា- ករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា នឹងមានចំនួន ៤,៥លាននាក់ ដែលនឹងនាំមកនូវចំណូលក្នុងរង្វង់ ២,៥០០លានដុល្លា និងអាចបង្កើតការងារប្រហែល៥០ម៉ឺននាក់ សម្រាប់ប្រជាជនខ្មែរ ។ លើសពីនេះទៅទៀត វិស័យទេសចរណ៌បានចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចសង្គម ផ្តល់ឱកាសការងារ ប្រាក់- ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ចូលរួមចំណែកជម្រុញកំណើនផលិតផលក្នុងស្រុកសរុប ធ្វើឲ្យមានលំ នឹងផ្នែកជញ្ជីងពាណិជ្ជកម្ម ជូយលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជម្រុញ ការធ្វើសមាហរណកម្មកម្ពុជាទៅ ក្នុងតំបន់ និងអន្តរជាតិ ។ ការសិក្សានៅក្នុងមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច គឺជាជម្រើសដ៏ឈ្លាសវៃ ត្រឹមត្រូវ និង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់កសាងនូវអនាគតដ៏ភ្លឺស្វាង ត្រចះត្រចង់ ។

Vision / Mission / Strategic Aims

ផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តន៏ក្នុងឆ្នាំ ២០១១-២០១៣

ចក្ខុវិស័យ

ជាមហាវិទ្យាល័យមួយឈានមុខគេ ក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ច ដែលមានការទទួល ស្គាល់ជាលក្ខណៈជាតិ និង អន្តរជាតិ ។

បេសសកកម្ម


ផ្ដល់នូវគុណភាពសិក្សាលើផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ច ដើម្បីបង្កើនសមត្ថភាពជំនាញនិស្សិត ដែលនឹងចូលរួមក្នុង ការអភិវឌ្ឍវិស័យទេសចរណ៍ ការអភិរក្សបេតិកភ័ណ្ឌជាតិ វប្បធម៌ និងលើកស្ទួយកិត្យានុភាពជាតិ ។

គោលបំណង

  • ផ្តល់ការបណ្តុះបណ្តាលជំនាញឯកទេស ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង លើមុខជំនាញទេសចរណ៍ និង បដិសណ្ឋារកិច្ច ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។
  • ធ្វើឱ្យនិស្សិតចេះគ្រប់គ្រងប្រតិបត្តិការ ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍ នូវធនធាននានា ក្នុងវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធិភាព និងមានគណនេយ្យភាពខ្ពស់ ។
  • ផ្តល់ឱកាសឱ្យនិស្សិត អាចបន្តការសិក្សាកម្រិតក្រោយឧត្តម ដើម្បីអភិវឌ្ឍខ្លួន និង ចូលរួមចំណែកក្នុង ការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ ។ 
  • កសាងស្មារតីសហគ្រិនភាព និងអភិវឌ្ឍន៍សមត្ថភាពប្រកួតប្រជែង ដើម្បីចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
  • ផ្តល់ឱកាសឱ្យនិស្សិតអាចស្វែងរកការងារបានយ៉ាងទួលំទូលាយ ទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ ។
យុទ្ធសាស្ត្រ

ដើម្បីសម្រេចបាននូវបេសកកម្ម និង គោលបំណង ដែលបានកំណត់ខាងលើមហាវិទ្យាល័យទេសចរណ៍ និង បដិសណ្ឋារ- កិច្ចបានដាក់ចេញនូវយុទ្ធសាស្រ្តដូចខាងក្រោម៖

    • យុទ្ធសាស្ត្រដឹកនាំ
      • ដើម្បីឱ្យមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច មានដំណើការល្អ និង ប្រកបដោយប្រសិទ្ធិ- ភាពខ្ពស់ មហាវិទ្យាល័យមានយន្តការប្រើប្រាស់នូវធនធានដែលមាន ឱ្យអស់លទ្ធភាព តាមគោល- នយោបាយរបស់សាលកវិទ្យាល័យបៀលប្រាយ ក្នុងការរៀបចំនូវផែនការ ការចាត់ចែង ដឹកនាំ និង ការត្រួតពិនិត្យនូវដំណើការអនុវត្តការងារទាំងឡាយរបស់មហាវិទ្យាល័យ ។
    • អភិបាលកិច្ច រចនាសម្ព័ន្ធ ការគ្រប់គ្រង និងផែនការ
      • ២.១ ការងារគ្រប់គ្រង
        • ពង្រឹងការអនុវត្តគោលនយោបាយដែលបានរៀបចំរួច និងរៀបចំកែសម្រួលឱ្យស្របតាមស្ថាន- ភាពជាក់ស្តែង ។
        • ជំរុញរៀបចំគោលនយោបាយដែលត្រូវការចំាបាច់ផ្សេងៗទៀត ។
      • ២.២ រចនាសម្ព័ន្ធ
        • ធ្វើឱ្យប្រសើរឡើងដល់ដេប៉ាតឺម៉ង់ទំាងបី របស់មហាវិទ្យាល័យ ដែលរួមមានដេប៉ាតឺម៉ង់គ្រប់- គ្រងទេសចរណ៍ ដេប៉ាតឺម៉ង់គ្រប់គ្រងបដិសណ្ឋារកិច្ច និងដេប៉ាតឺម៉ង់គ្រប់គ្រងម្ហូបអាហារ ។
    • ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍
      • ពង្រឹងតួនាទី នីតិវិធីរបស់អនុគណៈកម្មការនិងគណៈកម្មការអភិវឌ្ឍនកម្មវិធីសិក្សា និងស្រាវជ្រាវ។
      • រៀបចំបង្កើត កែតម្រូវ និងអភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ទាំងនៅក្នុងស្រុក និងនៅអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន ។
      • បន្តជំរុញការសិក្សាស្រាវជ្រាវ អំពីទីផ្សារការងាររបស់និស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យា- ល័យដើម្បីស្វែងយល់ពីស្ថានភាពរបស់និស្សិត ក៏ដូចជាបង្កភាពងាយស្រួលក្នុងការកែតម្រូវកម្មវិធី- សិក្សាក្នុងគោលបំណងផ្តល់នូវកាលានុវត្តភាពដល់និស្សិត ឱ្យកាន់តែមានការងារធ្វើ និងបង្កើននូវ ប្រាក់ចំណូលខ្ពស់ ។
      • ធ្វើការផ្សព្វផ្សាយកម្មវិធីសិក្សារបស់មហាវិទ្យាល័យឱ្យបានទូលំទូលាយ ។
      • បន្តជំរុញការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាពជំនាញ សម្រាប់សាស្រ្តាចារ្យ និងនិស្សិត ដែលកំពុងសិក្សា នៅក្នុងមហាវិទ្យាល័យ ដើម្បីចាប់យកនូវឱកាសការងារល្អៗ ។
    • បុគ្គលិក និងបុគ្គលិកសិក្សា
      • កំណត់គុណវឌ្ឍិនៃការជ្រើសរើស ការជួល ការក្សា ការលើកទឹកចិត្ត និងការអភិវឌ្ឍវិជ្ជាជីវៈ ដែល មានទេពកោសល្យក្នុងការផ្ទេរចំណេះដឹង ចំណេះធ្វើដល់និស្សិត។
      • ធ្វើការលើកទឹកចិត្តសាស្ត្រាចារ្យដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃ។
      • ធ្វើឲ្យចំនួនសាស្ត្រាចារ្យ មានលក្ខណៈសមាមាត្រទៅនឹងផលធៀបនិស្សិតដែល គណៈកម្មការទទួល ស្គាល់គុណភាពអប់រំនៃកម្ពុជាបានកំណត់ ។
      • ពង្រឹងនិងអភិវឌ្ឍសមត្ថភាពជំនាញដល់សាស្រ្តាចារ្យ តាមរយៈការចូលរួម ស្រាវជ្រាវ ធ្វើកម្មសិក្សា បន្តការសិក្សា និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ។
    • សេវាកម្មគំាទ្រនិស្សិត
      • រៀបចំសេវាកម្មលិខិតស្នាម គ្រប់គ្រងម៉ោងសិក្សា និងម៉ោងបង្រៀន តាមកម្មវិធី និងការរៀបចំឲ្យ មានការចុះទស្សនៈកិច្ចសិក្សាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងការប្រលងទៅតាមដំណាក់កាល ដើម្បីវាយតម្លៃការសិក្សារបស់និស្សិត ។
      • ពង្រីកបន្ថែមសេវាកម្មប្រឹក្សាយោបល់ដល់និស្សិត
      • បើកឱ្យនិស្សិតអាចធ្វើកម្មសិក្សាក្នុងមហាវិទ្យាល័យ
      • បង្កើនកម្មវិធីសិក្ខាសាលាដល់និស្សិត ដោយអញ្ជើញវាគ្មិនដើម្បីធ្វើបឋកថាដល់និស្សិតដែលកំពុង សិក្សាឱ្យយល់ដឹងអំពីការងារនៅលើទីផ្សារ ។
      • បង្កើតកម្មវិធី E-Learning សម្រាប់មហាវិទ្យាល័យ ដើម្បីងាយស្រួលដល់ការសិក្សារបស់និស្សិតកាន់ តែប្រសើរឡើង ។
    • ធនធានសិក្សា និងបច្ចេកវិទ្យាពត៌មាន
      • រៀបចំឱ្យមានសៀវភៅ ឬឯកសារចងក្រងមុខវិជ្ជាបង្រៀន គ្រប់មុខវិជ្ជាតម្កល់នៅបណ្ណាល័យគ្រប់ សាខាខេត្ត-ក្រុង។
      • ចងក្រងសៀវភៅ និង បោះពុម្ពឯកសារសិក្សា ព្រមជាមួយការស្វែងរកឯកសារយោងផ្សេងៗ ទៀត សម្រាប់ជាការស្រាវជ្រាវរបស់និស្សិត ។
      • ប្រឹងប្រែងបន្ថែមឱ្យមានកញ្ចប់ថវិកាថ្មី សម្រាប់ទិញសៀវភៅនិងឯកសារពិគ្រោះ ឬឯកសារយោងថ្មីៗ ដាក់បណ្ណាល័យ ។
      • បង្កើតឱ្យមានបណ្ណាល័យអេឡិចត្រូនិច (E-Library)
    • សម្ភាររូបវ័ន្ត
      • បន្តផ្តល់ និងអភិវឌ្ឍសម្ភាររូបវ័ន្ដ និងធនធានសិក្សា ឱ្យមានភាពសំបូរបែប និង ប្រកបដោយ គុណភាពនិង ទាន់សម័យ ដើម្បីឱ្យស្របទៅតាមតម្រូវការនៃកម្មវិធីសិក្សា ។
    • ការគ្រប់គ្រងហិរញ្ញវត្ថុ
      • បង្កើតឱ្យមានគម្រោងថវិកាចំណាយប្រចំាឆ្នាំសម្រាប់មហាវិទ្យាល័យ។
    • ការចែកចាយព័ត៌មានទីផ្សារ និងទំនាក់ទំនង
      • ផ្សព្វផ្សាយកម្មវិធីសិក្សាដល់ទីផ្សារដូចជា ក្រុមហ៊ុន អង្គការ និង ភាគីពាក់ព័ន្ធផ្សេងៗ ទៀត ។
    • អន្តរជាតិតូបនីយកម្ម
      • ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទំាងថ្នាក់ជាតិ និងអន្តរជាតិរបស់មហាវិទ្យាល័យឱ្យបានទូលំ  ទូលាយ។
    • ការធានាគុណភាពខាងក្នុង
      • ពង្រឹងប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរបស់មហាវិទ្យាល័យ ឱ្យស្របតាមស្តង់ដារគុណភាពអប្បបរមា កំណត់ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ។
Background

ប្រវត្តិមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច

មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច គឺជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យទាំង០៨ របស់សាកលវិទ្យាល័យបៀលប្រាយ ដែលពីមុនមានឈ្មោះថា មហាវិទ្យាល័យយគ្រប់គ្រងនិងនីតិសាស្រ្ត ត្រូវបានបង្កើត ឡើង តាមអនុក្រឹត្យលេខ ៤៥ អនក្រ.បក របស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី  ២៥  ខែ  កក្តដា  ឆ្នាំ ២០០០ ។ កាលនោះ មហាវិទ្យាល័យមានទីតាំងមួយ គឺអាគាលេខ៤៩ ផ្លូវ២០៥ កែង ៣៥៦ សង្កាត់ទូលស្វាយព្រៃ២ខាងក្រោយ គ្លីនិកវិសាលសុខ។ នៅឆ្នាំ២០០១ ដោយចំនួននិស្សិតមានការកើនឡើងខ្លាំង មហាវិទ្យាល័យបានបង្កើតទីតាំងថ្មីមួយ ទៀតដែលអគារសិក្សាទីពីរនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ក្បែរសួនច្បាររបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឆ្នាំ២០០២ មហាវិទ្យាល័យគ្រប់គ្រង និងនីតិសាស្រ្ត ត្រូវបានប្ដូរឈ្មោះទៅជា សាកលវិទ្យាល័យបៀលប្រាយ តាមអនុក្រឹត្យលេខ ៥៨ អនក្រ.បក. របស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០០២ រហូតដល់សព្វថ្ងៃនេះ ។ 

មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច បានផ្តល់នូវការបណ្តុះបណ្តាលនិស្សិត កម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ ទៅលើជំនាញឯកទេសចំនួនប្រាំមួយដូចជា៖ ការគ្រប់គ្រងទេសចរណ៍ ការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ការគ្រប់គ្រងសណ្ឋាគារ និងបដិសណ្ឋារកិច្ច ការគ្រប់គ្រងទេសចរណ៍និងការធ្វើដំណើរ និងជំនាញ ការគ្រប់ការគ្រប់គ្រងម្ហូបអាហារ។ ក្រៅពីការបណ្តុះបណ្តាលនៅស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ មហាវិទ្យាល័យ ក៏មានការបណ្តុះបណ្តាលនិស្សិតនៅតាមសាខាខេត្តនានា របស់សាកលវិទ្យាល័យបៀលប្រាយផងដែរ ។ រហូតមកដល់ ពេលនេះ មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច បានបណ្តុះបណ្តាលនិស្សិតចំនួន១០ជំនាន់រួចមកហើយ ដែល ពូកគាត់បានទទួលឱកាសការងារល្អៗ នៅតាមគ្រឹះស្ថានរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ។

Administrative Structure of Faculty
  • Faculty Administrators
  • Departments
Credits and Grading System

ចំនួនក្រេឌីតមុខវិជ្ជាសិក្សា

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង

និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឱ្យបានចំនួន៦០ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង នៅមហាវិទ្យា- ល័យទេសចរណ៌និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ ។

កំរិតបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្ររង
មហាវិទ្យាល័យ សញ្ញាបត្រ ឯកទេស រយៈពេល បណ្ដុះបណ្ដាល ក្រេឌីតមុខវិជ្ជា ជំនាញ ក្រេឌីតសរុប
ទេសចរណ៌ និងបដិសណ្ឋារកិច្ច បរិញ្ញាបត្ររង គ្រប់គ្រងទេសចរណ៌ ២ ឆ្នាំ ៦០ ៦០
គ្រប់គ្រងបដិសណ្ឋារកិច្ច ២ ឆ្នាំ ៧២ ៧២

 
ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ

និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឱ្យបានចំនួន១២០ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅមហា វិទ្យាល័យទេសចរណ៌ និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ។

និស្សិតដែលមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តយកសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យាល័យ ទេសចរណ៌ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ ត្រូវបន្តការសិក្សា ដើម្បីទទួលបានក្រេឌីតសរុប ចំនួន៩០ ក្នុងរយៈពេល០៣ឆ្នាំសិក្សាទៀត ។

ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យា- ល័យទេសចរណ៌ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវយកសញ្ញាបត្រដែលខ្លួនមាន មក ឱ្យផ្នែកជំនាញរបស់សាកលវិទ្យាល័យវាយតម្លៃផ្តល់ក្រេឌីត ស្របតាមគោលនយោបាយបន្តឆ្នាំរបស់សាកលវិទ្យាល័យ ។

ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលកំណត់ខាងលើ និស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Course) និងមុខវិជ្ជាជំនាញ (Specialized Course) ។

មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យ ត្រូវសិក្សារួមគ្នា មុនជ្រើសរើសជំនាញ ។

មុខវិជ្ជាជំនាញ (Specialized Course) សំដៅដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យនីមួយៗ ត្រូវសិក្សាចាប់ពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ ។

ចំនួនក្រេឌីតនៃមុខវិជ្ជាគោល និង មុខវិជ្ជាជំនាញសម្រាប់ជំនាញនីមួយៗ ត្រូវកំណត់ដូច ខាងក្រោម ៖

កំរិតបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ
មហា
វិទ្យាល័យ
សញ្ញា
បត្រ
ឯកទេស រយៈពេល
បណ្ដុះ
បណ្ដាល
ក្រេឌីត មុខវិជ្ជា ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ក្រេឌីត មុខវិជ្ជា គោល ក្រេឌីត មុខវិជ្ជា ជំនាញ ក្រេឌីត សរុប
ទេសចរណ៌ និង បដិសណ្ឋារកិច្ច បរិញ្ញាបត្រ គ្រប់គ្រងទេសចរណ៍​ ៤ ឆ្នាំ ៣០ ៣០ ៦០ ១២០
គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ៤ ឆ្នាំ ៣០ ៣០ ៦០ ១២០
គ្រប់គ្រងសណ្ឋាគារ​និងបដិសណ្ឋារកិច្ច ៤ ឆ្នាំ ៣០ ៣០ ៦០ ១២០
គ្រប់គ្រងទេសចរណ៍ និងការធ្វើដំណើរ ៤ ឆ្នាំ ៣០ ៣០ ៦០ ១២០
គ្រប់គ្រងម្ហូបអាហារ ៤ ឆ្នាំ ៣០ ៣០ ៦០ ១២០

 
ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទសលើការសិក្សារបស់និស្សិតថ្នាក់បិរញ្ញាបត្ររង និង ថ្នាក់បរិញ្ញាបត្រ

មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច មានចំនួន ក្រេឌីតអប្បបរមាស្មើនឹង ៣ ក្រេឌីត ហើយមួយក្រេឌីតស្មើនឹង ១៥ម៉ោង នៃការសិក្សាលើមុខវិជ្ជានោះ។

និស្សិតម្នាក់ៗ ត្រូវបញ្ចប់មុខវិជ្ជានីមួយៗដែលតម្រូវនៅក្នុងកម្មវិធីសិក្សា របស់មហាវិទ្យាល័យទេសចរណ៍ និង បដិសណ្ឋារកិច្ច តាមការវាយតម្លៃ ផ្តល់ពិន្ទុ និងនិទេ្ទស ដូចខាងក្រោម៖


ការវាយតម្លៃ ផ្តល់ពិន្ទុ និង និទ្ទេស
ពិន្ទុជាភាគរយ ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
85-100 A 4.00 ល្អប្រសើរ
80-<85 B+ 3.50 ល្អណាស់
70-<80 B 3.00 ល្អ
65-<70 C+ 2.50 ល្អបង្គួរ
60-<65 C 2.00 មធ្យម
30-<60 **F1 1.50 ធ្លាក់កម្រិត១
0-<30 **F2 1.00 ធ្លាក់កម្រិត២

  សម្គាល់ៈ

**F1 : ប្រឡងមុខវិជ្ជាឡើងវិញ              **F២ : រៀនមុខវិជ្ជាឡើងវិញ
សម្រាប់មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗត្រូវធ្វើដូចខាង ក្រោម៖


ការវាយតម្លៃការសិក្សា

  1. ការវាយតម្លៃជាប្រចំា (On-going Assessment) ...................................................................៤០%
    • ក- វត្តមាន (Class Attendance)......................................................................០៥%
    • ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation)........................................ ..០៥%
    • គ- លំហាត់តូចៗ (Quiz).................................................................................១០%
    • ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
      • - កិច្ចការស្រាវជ្រាវជាបុគ្គល (Individual Assignment) ...............................១០%
      • - កិច្ចការស្រាវជ្រាវជាក្រុម (Group Assignment) .....................................​.១០%
  2. ប្រឡងពាក់កណ្តាលឆមាស (Mid-term Exam......................................................................២០%
  3. ប្រឡងឆមាស (Final Exam)...............................................................................................៤០%
Program and Curriculum
  • Associate Programs
  • Bachelor Programs

ការបំពេញលក្ខខណ្ឌដើម្បីទទួលបានបរិញ្ញាបត្រ បរិញ្ញាបត្ររង

លក្ខខណ្ឌទូទៅ ៖

នៅក្នុងកម្រិតនីមួយៗ មានមុខវិជ្ជាខ្លឹមសារគោលមួយចំនួន និងមុខវិជ្ជាជំនាញមួយចំនួន ។ សម្រាប់ព័ត៌មានលម្អិត សូមមើលតារាងកម្មវិធីសិក្សា ។ ដើម្បីទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវបំពេញឱ្យបាន គ្រប់ចំនួនក្រេឌីត ដែលបានកំណត់ដូចខាងក្រោម ៖
 - បរិញ្ញាបត្ររង   ៖     និស្សិតត្រូវសិក្សាមុខវិជ្ជាឱ្យបានចំនួន ៦០ក្រេឌីត
​ - បរិញ្ញាបត្រ      ​ ៖     និស្សិតត្រូវសិក្សាមុខវិជ្ជាឱ្យបានចំនួន ១២០ក្រេឌីត

ការប្ដូរសាកលវិទ្យាល័យ ៖

និស្សិតអាចផ្ទេរពីសាកលវិទ្យាល័យផ្សេងមកមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យបៀល ប្រាយបាន ដោយគ្រាន់តែបង្ហាញជូននូវចំនួនក្រេឌីត ដែលបានសិក្សានៅសាកលវិទ្យាល័យនោះ ។ ដើម្បីជួយសម្រួល​ដល់និស្សិត ជាបឋមយើងត្រូវស្វែង យល់ជាលម្អិតទៅលើកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនោះ ។ ចំពោះកង្វះខាត នូវចំនួនក្រេឌីត ណាមួយនិស្សិតចាំបាច់ត្រូវបំពេញបន្ថែមដើម្បីទទួលបានសញ្ញាបត្រ ។ សាកលវិទ្យាល័យនឹងរង់ចាំ ស្វាគមន៍និស្សិតទាំងពីរភេទដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យបៀលប្រាយ។


លក្ខខណ្ឌចាំបាច់ ៖

  • ដើម្បីទទួលបាននូវកម្រិតបរិញ្ញាបត្ររង និស្សិតត្រូវប្រឡងឱ្យជាប់គ្រប់មុខវិជ្ជា ដែលមានចំនួន៦៦ក្រេឌីត ហើយ ត្រូវប្រឡងឱ្យជាប់ការប្រឡងបញ្ចប់ឆ្នាំដែលរៀបចំឡើងនៅចុងកម្មវិធីសិក្សា ។
  • ដើម្បីទទួលបាននូវសញ្ញាបត្របរិញ្ញាបត្រ និស្សិតត្រូវប្រឡងឱ្យជាប់នូវគ្រប់មុខវិជ្ជាទាំងអស់ ដែលមាន១៣៨ ក្រេឌីត ។ បន្ថែមពីនេះទៀត និស្សិតត្រូវប្រឡងឱ្យជាប់ជាស្ថាពរនូវការប្រឡងបញ្ចប់ឆ្នាំសិក្សា ដែលធ្វើឡើងនៅ ចុងកម្មវិធីសិក្សា ។

    មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច បែងចែកចេញជាបីដេប៉ាតឺម៉ង់គឺ ដេប៉ាតឺម៉ង់គ្រប់ គ្រងទេសចរណ៍ ដេប៉ាតឺម៉ង់គ្រប់គ្រងបដិសណ្ឋារកិច្ច និង ដេប៉ាតឺម៉ង់គ្រប់គ្រងម្ហូបអាហារ ។

១. ដេប៉ាតឺម៉ង់គ្រប់គ្រងទេសចរណ៍

​​    ឯកទេសដែលត្រូវជ្រើសរើស

 ដេប៉ាតឺម៉ង់គ្រប់គ្រងទេសចរណ៍ ផ្ដល់ជូននូវឯកទេសពីរឱ្យនិស្សិតធ្វើការជ្រើសរើសរួមមាន ៖

 - ឯកទេសការគ្រប់គ្រងទេសចរណ៍
 - ឯកទេសការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច

     កម្រិតសញ្ញាបត្រ

ការសិក្សានៅក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងទេសចរណ៍ និស្សិតអាចទទួលបាននូវ ៖

 - បរិញ្ញាបត្ររងទេសចរណ៍ និង បដិសណ្ឋារកិច្ច
 - បរិញ្ញាបត្រទេសចរណ៍ និង បដិសណ្ឋារកិច្ច


២. ដេប៉ាតឺម៉ង់គ្រប់គ្រងបដិសណ្ឋារកិច្ច

      ឯកទេសដែលត្រូវជ្រើសរើស

ដេប៉ាតឺម៉ង់គ្រប់គ្រងបដិសណ្ឋារកិច្ច ផ្ដល់ជូននូវឯកទេសពីរឱ្យនិស្សិតធ្វើការជ្រើសរើសរួមមាន ៖ 
 - ឯកទេសការគ្រប់គ្រងសណ្ឋាគារ និង បដិសណ្ឋារកិច្ច
 - ឯកទេសការគ្រប់គ្រងទេសចរណ៍ និង ការធ្វើដំណើរ

     កម្រិតសញ្ញាបត្រ

ការសិក្សានៅក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងបដិសណ្ឋារកិច្ច និស្សិតអាចទទួលបាននូវ ៖
 - បរិញ្ញាបត្រទេសចរណ៍ និង បដិសណ្ឋារកិច្ច


៣. ដេប៉ាតឺម៉ង់គ្រប់គ្រងម្ហូបអាហារ

     ឯកទេសដែលត្រូវជ្រើសរើស

ដេប៉ាតឺម៉ង់គ្រប់គ្រងម្ហូបអាហារ ផ្ដល់ជូននូវឯកទេសឱ្យនិស្សិត គឺៈ
-    ឯកទេសការគ្រប់គ្រងម្ហូបអាហារ

     កម្រិតសញ្ញាបត្រ  

ការសិក្សានៅក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងម្ហូបអាហារ និស្សិតអាចទទួលបាននូវ ៖
 - បរិញ្ញាបត្រទេសចរណ៍ និង បដិសណ្ឋារកិច្ច

 

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP